ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនពេញចិត្តឡើយចំពោះសំណើថ្មីរបស់អុីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម


KCSM 2026-05-02 04-50pm


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកមិនពេញចិត្តនោះទេចំពោះ សំណើថ្មីចុងក្រោយបំផុតរបស់អ៉ីរ៉ង់សម្រាប់កិច្ចចរចាបិទញ្ចប់សង្រ្គាម ខណៈរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ទទូចថាតេហេរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីការទូត ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្ដូរវិធីសាស្ត្រររបស់ខ្លួន។ 


ការអត្ថាធិប្បាយរបស់លោក ត្រាំ បានគូសបញ្ជាក់ពីភាពជាប់គាំងក្នុងកិច្ចចរចាបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់នៅតែមាននៅឡើយ បើទោះជាលោកកំពុងស្វែងរកផ្លូវ បិទបញ្ចប់សង្រ្គាមមួយដែលកំពុងធ្វើឱ្យប្រជាប្រិយភាពនៅក្នុងស្រុករបស់លោកធ្លាក់ចុះក៏ដោយ។ ព្រមពេលជាមួយគ្នា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្ត​ NATO ក៏កាន់តែមានភាពតានតឹងផងដែរជុំវិញសង្រ្គាមអ៉ីរ៉ង់ ដោយកាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណបានប្រកាសថាខ្លួននឹងដក កងទ័ពអាមេរិក ៥០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់។


លោក ត្រាំ បានគំរាមកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើងនៅអាល្លឺម៉ង់ ក្រោយប៉ះសម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថាអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកបាក់មុខ ហើយថារដ្ឋបាលលោក ត្រាំ មិនមានយុទ្ធសាស្ត្រដកខ្លួនពី សង្រ្គាមអ៉ីរ៉ង់នោះទេ។ ក្រៅពីអាល្លឺម៉ង់ លោក ត្រាំ ក៏បានបង្ហើបដែរថានឹងពិចារណាលើការកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៉ីតាលី និងអេស្ប៉ាញ។


គួរបញ្ជាក់ថា ទោះជាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានផ្អាកសង្រ្គាមចាប់តាំងពីមានបទឈប់បាញ់មួយកាលពីថ្ងៃទី៨ ខែមេសាមកក៏ដោយ ក៏ប្រទេសទាំង២ នៅតែមានភាពតានតឹងនឹងគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ វិបត្តិច្រកសមុទ្រ ⁠Hormuz ហើយភាគីទាំងសងខាង មិនទាន់ឯកភាពគ្នាលើការបើកកិច្ចចរចាជុំទី២ នៅឡើយទេ ក្រោយកិច្ចចរចាជុំទី១បានធ្វើឡើងក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីខែមេសា។


ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ IRNA កាលពីថ្ងៃសុក្របានរាយការណ៍ថាអ៉ីរ៉ង់បានបញ្ជូនសំណើថ្មីចុងក្រោយបំផុតទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ តែមិនបានបញ្ជាក់លម្អិតពីខ្លឹមសារនៅក្នុងសំណើថ្មីនេះនោះទេ៕


ប្រភព:Reuters




أحدث أقدم