គ្រោះមហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន


KCSM2026-09-02 06-06pm


(កដ្ឋមណ្ឌូ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅព្រំដែនប្រទេសនេប៉ាល់និងចិន បានកើនឡើងដល់ ១២៨០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ខណៈមនុស្សជាង៥៦២០នាក់ទៀត នៅតែបន្តបាត់ខ្លួន ហើយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានឈានចូលដល់សប្តាហ៍ទី២។ 


អាជ្ញាធរជាតិនេប៉ាល់ទទួលបន្ទុកកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សកើនដល់១២៥៩នាក់ហើយ បានស្លាប់នៅក្នុងប្រទេសនេះ ខណៈ៥០៨៣នាក់ទៀតកំពុងនៅបន្តបាត់ខ្លួន។ ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ មានជនបរទេសចំនួន៥៨៣នាក់។ កងកម្លាំងសន្តិសុខជាង ២១ ៤០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីចូលរួមក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។


ក្រុមគ្រួសារនៅតំបន់ដែលរងគ្រោះក្នុងប្រទេសនេប៉ាល់ បាននាំគ្នារៀបចំពិធីបុណ្យសពជានិមិត្តរូប សម្រាប់សាច់ញាតិជាទីស្រឡាញ់របស់ពួកគេ ដែលនៅតែបាត់ខ្លួន។ ដោយឡែក នៅចិនដែលជាប្រទេសជិតខាង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា តួលេខអ្នកស្លាប់បានកើនដល់២១នាក់ នៅតំបន់ទីបេ និង ៥៤១នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ដូច្នេះ ចំនួនអ្នកស្លាប់សរុបដោយសារគ្រោះមហន្តរាយនេះទាំងនៅនេប៉ាល់ និងទាំងនៅចិន បានកើនដល់ ១២៨០នាក់ រីឯអ្នកបាត់ខ្លួនមានចំនួន ៥៦២៤នាក់។


គួរបញ្ជាក់ថា គ្រោះមហន្តរាយខាងលើ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា នៅពេលផ្ទាំងទឹកកកមួយនៅលើភ្នំ Langtang Lirung របស់ប្រទេសនេប៉ាល់ បានបាក់ស្រុតចុះមក ពីកម្ពស់ប្រមាណ ៥២០០ម៉ែត្រ។ ហេតុការណ៍ការបាក់ផ្ទាំងទឹកកកនេះ បានបង្កឱ្យមានការរអិលបាក់ដ៏សម្បីមមួយនៃទឹកកកនិងថ្ម ដែលបន្ទាប់មកបានវិវត្តក្លាយទៅជាលំហូរដីភក់ និងកម្ទេចកម្ទីដ៏ធំមហិមា ហើយបានហូរយ៉ាងគំហុកកាត់ជ្រលងភ្នំ តាមបណ្តោយព្រំដែន៕


ប្រភពៈAFP





Powered by Blogger.