កំលាំងរដ្ឋភិបាលនិងពួកឧន្ទាមបានប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀស​ខ្លួនចេញពីផ្ទះសម្បែង


KCSM2026-09-07 02-24pm


(សាណា)៖ ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃមកនេះ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអុីរ៉ង់ នៅភាគនិរតីប្រទេសយេម៉ែន បានកើនលើស៣០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប្រជាជនសុីវិលរាប់រយគ្រួសារ បាននាំគ្នារត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចពីអំពើហិង្សា។ 


មន្ត្រីយោធាពីររូបនៃកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រាប់ AFP ថា ទាហានរបស់ពួកគេ ៨៤នាក់ បានស្លាប់កាលពីចន្លោះវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ដល់ព្រឹកព្រលឹមថ្ងៃអាទិត្យ ហើយភាគច្រើន គឺដោយសារការវាយប្រហារមីស៊ីល។ ចំណែកប្រភពយោធាពីក្រុម Houthi វិញ បាននិយាយថា ក្រុមឧទ្ទាម៥៧នាក់បានស្លាប់ អំឡុងរយៈពេលដូចគ្នា។


ភាគីទាំងពីរបានប្រយុទ្ធគ្នាអស់ប៉ុន្មានថ្ងៃមកហើយ ដើម្បីគ្រប់គ្រងច្រកផ្លូវមួយចូលទៅកាន់សមុទ្រក្រហម។ វាជាការផ្ទុះឡើង​នៃការប្រយុទ្ធគ្នាដ៏ប្រល័យបំផុតមួយ នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីពេលបទឈប់បាញ់ឆ្នាំ២០២២ បានដួលរលំទៅវិញ កាលពីខែកក្កដា។


គ្រួសារដែលភៀសខ្លួនពីការប្រយុទ្ធគ្នានៅស្រុក Maqbanah និង Jabal Habashi ក្នុងខេត្ត Taiz ភាគនិរតីប្រទេសយេម៉ែន បានរត់ទៅជ្រកកោននៅជំរុំ Al-Bareen សម្រាប់ជនភៀសខ្លួនកាលពីថ្ងៃសៅរ៍។ ហើយកាលពីថ្ងៃអាទិត្យ អ្នកសារព័ត៌មាន AFP បានឃើញជនភៀសខ្លួន កំពុងរៀបចំទីជម្រកនៅជំរុំមួយទៀត ក្នុងតំបន់នោះ។


ក្រុម Houthi បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ក្នុងគោលបំណងកាត់ផ្តាច់ ទីក្រុងកំពង់ផែ Mokha គ្រប់គ្រងដោយរដ្ឋាភិបាល ដែលស្ថិតក្រោមការបាញ់ប្រហារអស់ជាច្រើនសប្តាហ៍ និងដើម្បីរុលទៅមុខឆ្ពោះរកតំបន់ស្ថិតជាប់ច្រកសមុទ្រ Bab al-Mandab ដែលនៅមាត់ច្រកចូលភាគខាងត្បូងនៃសមុទ្រក្រហម។


គួរបញ្ជាក់ថា កាលពីខែកក្កដា បទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុម Houthi និងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានដួលរលំ បន្ទាប់ពីក្រុមឧទ្ទាមនេះ បានទទួលស្វាគមន៍ យន្តហោះអ៉ីរ៉ង់១គ្រឿង ទៅកាន់រដ្ឋធានី Sanaa។ ការដួលរលំបទឈប់បាញ់ បានបណ្តាលឱ្យមានការវាយប្រហារគ្នាឡើងវិញ រវាងភាគីទាំងពីរ។ មិនតែប៉ុណ្ណោះ ក្រុម Houthi ក៏បានប្រកាសបិទផ្លូវសមុទ្រចំពោះអារ៉ាប៊ីសាអូឌីត និងបានចាប់ផ្តើមកំណត់គោលដៅវាយប្រហារ លើកប៉ាល់និងទឹកដីរបស់អារ៉ាប៊ីសាអូឌីត៕


ប្រភពៈAFP





Powered by Blogger.