UN បានស្វែងរកការពិត ដើម្បីបញ្ជាក់អោយឃើញថាអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអុីរ៉ង់ ហើយអុីរ៉ង់បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
KCSM2026-09-18 02-51pm
(ហ្សឺណែវ)៖ ក្រុមបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិស្តីពីអ៉ីរ៉ង់ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនមានមូលដ្ឋានសមហេតុផលអាចជឿជាក់បានថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយសកម្មភាពយោធាចំនួន ២លើក ទៅលើសាលារៀន និងទីតាំងលេងកីឡាមួយកន្លែងក្នុងប្រទេសអ៉ីរ៉ង់ កាលពីខែកុម្ភៈ ហើយថាទង្វើទាំងនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម។
ក្រុមបេសកកម្មនេះ ក៏បានរកឃើញផងដែរថា អាជ្ញាធរអ៉ីរ៉ង់បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងពេលនៃការបង្ក្រាបដ៏ហិង្សា ទៅលើការតវ៉ាប្រឆាំងរដ្ឋាភិបាល អំឡុងការតវ៉ានាចុងខែធ្នូ ឆ្នាំមុន ដោយរួមបញ្ចូលទាំងការសម្លាប់មនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម ការឃុំខ្លួនតាមអំពើចិត្ត ការបង្ខំឱ្យបាត់ខ្លួន និងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសេរីភាពនៃការបញ្ចេញមតិ។
ការរកឃើញដោយ Independent International Fact-Finding Mission ដែលជាក្រុមបេសកកម្មរបស់ UN នឹងត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅទីក្រុងហ្សឺណែវ។ បេសកកម្មស្វែងរកការពិតរបស់ UN គឺជាទីភ្នាក់ងារដែលមានតួនាទីស៉ើបអង្កេត តែមិនមែនជាស្ថាប័នតុលាការឡើយ ដូច្នេះទើបមិនមានការផ្តួចផ្តើមដាក់បណ្តឹងព្រហ្មទណ្ឌ។ យ៉ាងនេះក្តី លទ្ធផលនៃការរកឃើញរបស់ពួកគេ អាចត្រូវបានប្រើប្រាស់ នៅក្នុងការស៉ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ដោយតុលាការថ្នាក់ជាតិ ឬតុលាការអន្តរជាតិ ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិជាដើម។ បណ្តាប្រទេសនានានឹងពិភាក្សាអំពីលទ្ធផលនៃការរកឃើញដែលមានក្នុងរបាយការណ៍ នៅពេលដែលរបាយការណ៍នេះ ត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃចន្ទសប្តាហ៍ក្រោយ៕
ប្រភពៈReuters



Post a Comment