អ៊ុយក្រែន ចាប់ផ្តើមប្រើកាំភ្លើងយន្តបញ្ជាដោយ AI ដើម្បីបាញ់ទម្លាក់យន្តហោះដ្រូនជំនាន់ថ្មីរបស់រុស្សី
KCSM2026-10-06 05-44pm
(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ថា អ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់ កាំភ្លើងរ៉ូបូតដែលបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបាញ់ទម្លាក់ដ្រូនរុស្ស៊ីជំនាន់ថ្មីដែលប្រើម៉ាស៊ីន jet ដូចយន្តហោះ និងហោះក្នុងល្បឿនលឿន។
អស់រយៈពេលជាច្រើនខែមកហើយ ទីក្រុងកៀវបានស្វែងរកមធ្យោបាយថ្មីៗ ដើម្បីបាញ់ស្ទាក់យន្តហោះដ្រូនជំនាន់ថ្មីរបស់រុស្ស៉ី ដែលកំពុងវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីអ៊ុយក្រែន ខណៈខ្លួនប្រឈមមុខនឹងការខ្វះខាតមធ្យោបាយសមស្រប សម្រាប់បាញ់ទម្លាក់ដ្រូនទាំងនោះ។ ដ្រូនរុស្ស៊ីជំនាន់ថ្មីដែលប្រើម៉ាស៊ីនយន្តហោះ មានល្បឿនលឿនជាង និងពិបាកបាញ់ស្ទាក់ជាង ដ្រូនម៉ូដែលមុនៗ ដែលផ្អែកលើដ្រូន Shahed ផលិតដោយអ៉ីរ៉ង់។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការវាយប្រហារទាំងនេះ លោក Yuri Ignat អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កាំភ្លើងយន្តរ៉ូបូត ដែលគ្រប់គ្រងដោយបច្ចេកវិទ្យា AI កំពុងត្រូវបានដំឡើងនៅតាមស្ពាន។ លោកបានបន្ថែមថា មានការបាញ់ទម្លាក់ដ្រូនមួយចំនួនរួចហើយ ក្នុងនោះរួមមានទាំងដ្រូន Geran-5 ជំនាន់ថ្មី ដែលមានទំហំធំជាង លឿនជាង និងមានអានុភាពខ្លាំងជាង ដ្រូនមុនៗរបស់រុស្ស៉ី។ ប៉មកាំភ្លើងយន្តរ៉ូបូតចំនួន១២កន្លែង ត្រូវបានដំឡើងនៅក្នុងទីក្រុងកៀវ ហើយនឹងមានការដំឡើងបន្ថែមទៀត នាពេលអនាគត។
គួរបញ្ជាក់ថា អ៊ុយក្រែន ដែលបានស្នើសុំជាបន្តបន្ទាប់នូវការគាំទ្របន្ថែម ដើម្បីទប់ទល់នឹងរុស្ស៊ី ចាប់តាំងពីការឈ្លានពានពេញរបស់រុស្ស៊ី បានចាប់ផ្តើម កាលពីឆ្នាំ២០២២ បាននិងកំពុងពន្លឿនការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទៅក្នុងសមត្ថភាពការពារជាតិរបស់ខ្លួន។ អ៊ុយក្រែនកំពុងប្រើប្រាស់បច្ចេកវិទ្យានេះរួចជាស្រេចនៅសមរភូមិមុខ ដើម្បីណែនាំការបញ្ជាដ្រូន ស្វែងរកគោលដៅសម្រាប់ការវាយប្រហារ និងសម្របសម្រួលប្រតិបត្តិការទ្រង់ទ្រាយធំ ជាដើម៕
ប្រភព:AFP


Post a Comment