រុស្ស៊ី ថា កិច្ចចរចាត្រីភាគីជាមួយអ៊ុយក្រែន និងអាមេរិក គ្រោងរៀបចំនៅទីក្រុងអាប៊ូដាប៊ី ក្នុងខែវិច្ឆិកា


KCSM2026-10-24  10-23pm


(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមឡើងវិញនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងអំឡុងខែវិច្ឆិកាខាងមុខ។ 


លោក ប៉េស្កូវ បានបញ្ជាក់ថា ជំនួបដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកានេះ នឹងផ្តោតលើបញ្ហាធានាសន្តិសុខសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីឈានទៅរកដំណោះស្រាយសន្តិភាព ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកំណត់ទិសដៅ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ត្រីភាគី ប៉ុន្តែជាគោលការណ៍ ទីក្រុងមូស្គូក៏មិនច្រានចោលលទ្ធភាពនៃការចូលរួមពីសំណាក់បណ្តាប្រទេសអឺរ៉ុបនោះដែរ។


គួរបញ្ជាក់ថា រុស្ស៊ីបានបង្ហាញជំហរត្រៀមខ្លួនចាប់ផ្តើមកិច្ចចរចាដែលបានជាប់គាំងតាំងពីដើមឆ្នាំនេះឡើងវិញ បន្ទាប់ពីជំនួបរយៈពេលជិត ៣ម៉ោងនៅទីក្រុង St. Petersburg កាលពីថ្ងៃពុធសប្តាហ៍នេះ រវាងលោកប្រធានាធិបតី ពូទីន និងបេសកជនពិសេសអាមេរិក លោក ស្ទីវ វីតកហ្វ (Steve Witkoff) ដែលក្នុងឱកាសនោះ រុស្ស៊ីក៏បានដោះលែងអតីតគ្រូបង្រៀនអាមេរិកម្នាក់ ដើម្បីបង្ហាញសុឆន្ទៈផងដែរ៕


ប្រភពៈArab news




Powered by Blogger.