បារាំងប្រើមធ្យោបាយប្រុងជើងការទប់ស្កាត់ភាពចលាចល និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់


KCSM2026-10-31 06-54pm


(ប៉ារីស)៖ បារាំងនឹងដាក់ពង្រាយកងកម្លាំងប៉ូលិស ៧០ ០០០នាក់ ដើម្បីត្រៀមទប់ទល់ និងគ្រប់គ្រងស្ថានការណ៍ ចំពោះមុខគម្រោងធ្វើបាតុកម្មតវ៉ានៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ដែលនឹងក្លាយជាបាតុកម្មតវ៉ាទូទាំងប្រទេសលើកចុងក្រោយបំផុតមួយបង្កឡើងដោយការខឹងសម្បារទៅនឹងការកើនឡើងការចំណាយលើជីវភាពប្រចាំថ្ងៃ ការថយចុះសេវាសាធារណៈ និងការខឹងសម្បារចំពោះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron។ 


គម្រោងបាតុកម្មតវ៉ាទូទាំងប្រទេសចំពេលពិធីបុណ្យ Halloween កើតមានឡើង ២សប្ដាហ៍បន្ទាប់ពីកុបកម្ម និងការប្លន់ហាងទំនិញបានធ្វើឱ្យកងកម្លាំងសន្តិសុខមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបន្សល់ទុកការខូចខាតហាងទំនិញ និងអគារសាធារណៈនៅតាមទីក្រុងជាច្រើន។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បានប្ដេជ្ញាចនឹងមិនឱ្យរឿងបែបនេះកើតឡើងសាជាថ្មីឡើយ។ តាមលោក Laurent Nunez កងកម្លាំងសន្តិសុខបារាំងកំពុងប្រុងជើងការខ្ពស់ជុំវិញលទ្ធភាពដែលក្រុមកុបករមួយចំនួនអាចនឹងប្រើប្រាស់ ឬពាក់ម៉ាសបិទមុខក្នុងពិធីបុណ្យ Halloween ដើម្បីបិទបាំងអត្តសញ្ញាណរបស់ពួកគេ។ លោកបន្ថែមថាច្បាប់បានអនុញ្ញាតឱ្យប៉ូលិសដាក់ចេញបម្រាមលើការពាក់ម៉ាសបិទមុខ ក្នុងករណីសណ្ដាប់ធ្នាប់សាធារណៈប្រឈមនឹងហានិភ័យ។


គួរបញ្ជាក់ថា ជុំវិញគម្រោងធ្វើបាតុកម្មតវ៉ានៅបារាំងផងដែរ ស្ថានទូតអាមេរិកបានណែនាំឱ្យពលរដ្ឋអាមេរិកចៀសវាងការធ្វើដំណើរទៅកាន់ទីតាំងដែលមានបាតុកម្មតវ៉ា ឬមានការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ។ បាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅបារាំងបានផ្ទុះឡើងកាលពីចុងខែកញ្ញាកន្លងទៅ ខណៈរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក Macron ប្រកាសបើកកិច្ចពិភាក្សាស្ដីពីការអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៧។ ប៉ុន្តែប្រឈមមុខនឹងវិបត្តិបំណុលសាធារណៈ រដ្ឋាភិបាលបារាំងត្រូវស្ថិតនៅក្រោមសម្ពាធក្នុងការកាត់បន្ថយ ការចំណាយដែលប៉ះពាល់ដល់សេវាសាធារណៈមួយចំនួន។​


ប្រភពៈReuters





Powered by Blogger.