កូរ៉េខាងត្បូង ស្នើជាថ្មីឱ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង ស្តីពីបញ្ហាព្រំដែនគោក


KCSM2026-10-23 06-27pm


(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បានស្នើជាថ្មី ឱ្យមានកិច្ចចរចាយោធា ជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកការព្រមព្រៀងគ្នាលើទីតាំងច្បាស់ជាក់លាក់ នៃខ្សែបន្ទាត់ព្រំដែនគោករវាងប្រទេសទាំងពីរ និងដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ។ 


សំណើខាងលើ ត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិ លោក Kim Hong-cheol បន្ទាប់ពីមានករណីផ្ទុះមីនមួយ នៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីខែមុន ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពកូរ៉េខាងជើង បានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រ និងរបង ព្រមទាំងដាក់មីន នៅក្បែរខ្សែបន្ទាត់ព្រំដែន MDL ក្នុងតំបន់ទ្រនាប់ DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ លោក Kim បាននិយាយថា កងទ័ពកូរ៉េខាងជើង បានឆ្លងកាត់ខ្សែបន្ទាត់នេះ អំឡុងពេលពួកគេអនុវត្តសកម្មភាពទាំងនោះ។


គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏ធ្លាប់បានស្នើជាផ្លូវការឱ្យមានកិច្ចចរចា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា អំពីទីតាំងជាក់លាក់នៃខ្សែបន្ទាត់ព្រំដែននេះផងដែរ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបទេ។ យោធាកូរ៉េខាងត្បូង បានសន្និដ្ឋានថា កូរ៉េខាងជើងបានបង្កប់មីននៅភាគខាងត្បូង នៃខ្សែបន្ទាត់ MDL ដែលបង្កឱ្យមានហេតុការណ៍ផ្ទុះ កាលពីខែកញ្ញា និងធ្វើឱ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួសធ្ងន់។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងបានច្រានចោលការរកឃើញនេះ៕


ប្រភពៈReuters





Powered by Blogger.