លោកដូណាល់ ត្រាំ មានគោលបំណងចង់ឱ្យលោក ហ្សេលែនស្គី ចុះកិច្ចព្រមព្រៀងជាមួយរុស្សី


KCSM2026-10-21 03-51pm


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី នៅចំពោះមុខភាពរកាំរកូសក្នុងទំនាក់ទំនងជាមួយមេដឹកនាំអ៊ុយក្រែន។


លោក ត្រាំ ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា «យើងចង់ឱ្យលោក ហ្សេលេនស្គីចុះកិច្ចព្រមព្រៀងមួយ។ លោកអាចចុះកិច្ចព្រមព្រៀងមួយ ហើយតាមពិតទៅ លោកគួរណាស់តែចុះកិច្ចព្រមព្រៀងមួយតាំងតែពី២ឆ្នាំមុនមកម្ល៉េះ នៅពេលដែលយើងមានកិច្ចសន្ទនាមួយក្នុងការិយាល័យពងក្រពើ»។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ត្រាំ ក៏បានបង្ហើបឱ្យដឹងដែរថារូបលោកបានស្នើឱ្យប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីនដោះលែងពលរដ្ឋអាមេរិកឈ្មោះ Stephen Hubbard ដែលកំពុងជាប់ឃុំនៅរុស្ស៉ី។


គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនបានស្គាល់ភាពតានតឹងជាថ្មី បន្ទាប់ពីលោក​ ត្រាំ បានសម្រេចចិត្តបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ដើម្បីចុះកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីលោក ពូទីន ហើយថែមទាំងបានរិះគន់លោក ហ្សេលេនស្គី ថាជាជនល្មោភសង្រ្គាមទៀតផង ជុំវិញការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៉ី។ យ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារ បានជួបបេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff ក្នុងទីក្រុង Oslo សម្រាប់កិច្ចពិភាក្សាសំដៅបន្ធូរបន្ថយភាពតានតឹង។


លោក ហ្សេលេនស្គី បានសាទរចំពោះការចាប់ផ្ដើមដំណើរការឡើងវិញនៃការចែករំលែកព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការព្រមានឱ្យដឹងមុនពីការវាយប្រហារណាមួយរបស់រុស្ស៉ី។ ប៉ុន្តែលោកបានទទូចថាទីក្រុងកៀវត្រូវតែមានវត្តមាននៅក្នុងកិច្ចប្រជុំទាំងឡាយដែលមានជាប់ព័ន្ធនឹងអនាគតរបស់អ៊ុយក្រែន៕


ប្រភេះៈAFP





Powered by Blogger.