រុស្ស៊ីបានវាយប្រហារដោយដ្រូនលើស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ស-ម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់


KCSM2026-10-30 01-52pm


(កៀវ)៖ ដ្រូនរុស្ស៊ីបានហោះបុកទីកន្លែងរង់ចាំដ៏មមាញឹកមួយនៃស្ថានីយរថភ្លើងក្នុងទីក្រុង Dnipro ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្កោលទោសថាជាការវាយប្រហារដ៏ «រន្ធត់» និងទាមទារឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវចាត់វិធានការឆ្លើយតប។ 


លោក ហ្សេឡេនស្គី បានឱ្យដឹងថា ដ្រូនរុស្ស៊ីបានហោះបុកចំទីកន្លែងរង់ចាំ ខណៈរថភ្លើងដឹកអ្នកដំណើរពីរគ្រឿងកំពុងឈប់ចត ហើយរូបភាពពីក្រុមសង្គ្រោះបន្ទាន់បានបង្ហាញពីសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ ដោយទូរថភ្លើងទាំងពីរឆេះខ្ទេចខ្ទីបែកកញ្ចក់អស់។ មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា៖ «ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ និងក្បាលម៉ាស៊ីនសង្គ្រាមរបស់ពួកគេ មិនត្រូវបន្ធូរបន្ថយជាដាច់ខាត ដរាបណាសង្គ្រាមរបស់រុស្ស៊ីនៅតែបន្ត»។


ការវាយប្រហារនេះកើតឡើងស្របពេលដែលអ៊ុយក្រែន និងរុស្ស៊ី កំពុងព្យាយាមរក្សាបទឈប់បាញ់ដ៏ផុយស្រួយឈានចូលដល់ថ្ងៃទី៣ នៅទីក្រុង Oleshky ភាគខាងត្បូងអ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់តាំងពីឆ្នាំ២០២២ ហើយប្រធានស្ថាប័នសិទ្ធិមនុស្សអ៊ុយក្រែន លោក ឌីមីត្រូ លូប៊ីណេតស៍ (Dmytro Lubinets) កំពុងដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្លងកាត់បេឡារុស និងរុស្ស៊ី ដើម្បីចូលទៅកាន់ទីក្រុងដែលកំពុងខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កូវមួយនេះ។


គួរបញ្ជាក់ថា បណ្តាញផ្លូវដែកគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់បំផុតនៅក្នុងប្រទេសអ៊ុយក្រែន ដែលការធ្វើដំណើរពីភាគខាងកើតទៅភាគខាងលិចអាចចំណាយពេលដល់ទៅ ២៤ម៉ោង។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ២០២២ មក រុស្ស៊ីបានបង្កើនការប្រើដ្រូនវាយប្រហារលើរថភ្លើងនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបំផ្លាញក្បាលរថភ្លើងរាប់រយគ្រឿង និងសម្លាប់បុគ្គលិកផ្លូវដែកជាច្រើននាក់ ហើយគ្រាន់តែក្នុងខែកញ្ញាកន្លងទៅ ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែនបានជម្លៀសអ្នកដំណើរចេញពីជើងរថភ្លើងជាង ៥,៨០០ជើង ដោយសារការគំរាមកំហែងពីដ្រូនរុស្ស៊ី៕


ប្រភពៈAFP



Powered by Blogger.