New York Times: ការពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្សីអំពីអ៊ុយក្រែន ក៏មានពាក់ព័ន្ធកិច្ចព្រៀងប្រេងតម្លៃរាប់ពាន់លានដុល្លារ
KCSM2026-10-04 01-02pm
(វ៉ាស៉ីនតោន)៖ កាសែតអាមេរិក New York Times បានរាយការណ៍នាថ្ងៃសៅរ៍ ទី៣ ខែកញ្ញា នេះថា ការចរចារបស់រដ្ឋបាលលោក ត្រាំ ជាមួយរុស្ស៉ី ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានពង្រីកវិសាលភាពទៅដល់កិច្ចព្រមព្រៀងប្រេងតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ថ្នាក់ដឹកនាំធុរកិច្ចនៅមជ្ឈិមបូព៌ា ដែលស្គាល់គ្នាជាមួយអ្នកចរចារបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner។
សេចក្តីរាយការណ៍បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលអាស្រ័យលើការអនុម័តពីរដ្ឋាភិបាលអាមេរិក និងវិមានក្រឹមឡាំង គឺពាក់ព័ន្ធនឹងបណ្តាញដ៏ធំទូលាយនៃប្រភពប្រេង រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈជុំវិញពិភពលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលរុស្ស៊ី Lukoil។
អ្នកដែលកំពុងស្វែងរកកិច្ចព្រមព្រៀងនេះ រួមមានក្រុមវិនិយោគិនអាមេរិក រួមទាំងមហាសេដ្ឋី លោក Todd Boehly និងវិនិយោគិនពីរក្រុមទៀតមកពីមជ្ឈិមបូព៌ា ដែលធ្លាប់ធ្វើអាជីវកម្មជាមួយគ្រួសាររបស់លោក Kushner ឬលោក Witkoff និងស្ថាប័នមួយនៃរដ្ឋាភិបាលអាមេរិក។
New York Times បានរាយការណ៍ដោយដកស្រង់សម្តីបុគ្គលដែលដឹងពីដំណើរការនៃកិច្ចប្រជុំថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកកិច្ចព្រមព្រៀងនេះក្នុងអំឡុងជំនួបជាមួយលោក Witkoff និងលោក Kushner នៅឯវិមានក្រឹមឡាំង កាលពីថ្ងៃទី៥ ខែកញ្ញា។ សេតវិមាន ក្រសួងហិរញ្ញវត្ថុអាមេរិក និងក្រុមហ៊ុន Lukoil មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅក្រៅម៉ោងធ្វើការនោះទេ៕
ប្រភពៈReuters


Post a Comment