ចិនបានកាត់ទោសប្រ-ហារជីវិ-តក្រុមឧក្រិដ្ឋជនត្រកូល Wei ៣នាក់ ពីបទបើកទីតាំងឆបោកអនឡាញនៅមីយ៉ាន់ម៉ា


KCSM2026-10-14 03-19pm


(ប៉េកាំង)៖ តុលាការមួយនៅភាគអាគ្នេយ៍ប្រទេសចិន បានកាត់ទោសប្រហារជីវិតសមាជិកក្រុមឧក្រិដ្ឋជន ៣នាក់ ដែលបើកបណ្តាញឆបោកអនឡាញនៅមីយាន់ម៉ា។ 


កាលពីថ្ងៃអង្គារ តុលាការក្រុង Quanzhou នៃខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន បានប្រកាសកាត់ទោសបុរសឈ្មោះ Wei Huairen និង Chen Dawei និងម្នាក់ទៀតជាស្រ្តីឈ្មោះ Liao Jingfang ចំពោះការជាប់ពាក់ព័ន្ធក្នុងក្រុមឧក្រិដ្ឋជនត្រកូល Wei។ បណ្តាញឧក្រិដ្ឋកម្មនេះពាក់ព័ន្ធនឹងបទល្មើសនានា រួមមានការជួញដូរគ្រឿងញៀន រៀបចំឱ្យមានពេស្យាចារ បើកកាស៉ីណូខុសច្បាប់ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអ៉ីនធឺណេត និងសម្លាប់ជនជាតិចិន ២នាក់។


តុលាការបានឱ្យដឹងថា បុគ្គលឈ្មោះ Wei Huairen គឺជាមេខ្លោងនៃបណ្តាញឧក្រិដ្ឋជនខាងលើ ហើយត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋជាច្រើន រួមទាំងឃាតកម្ម។ ចំណែកសមាជិក៣នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈ ៥៥នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ចាប់ពី ៣ឆ្នាំ និង ៣ខែ រហូតដល់ ២៤ឆ្នាំ។ សកម្មភាពនៃក្រុមឧក្រិដ្ឋជននេះ រកប្រាក់បានជាង ១,៨ពាន់លានដុល្លារ។


ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជននេះបានដំណើរការទីតាំងធំៗចំនួន ១៤កន្លែង និងបានល្បួងពលរដ្ឋចិនរាប់ពាន់នាក់ ឱ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់។ ក្រុមជនឆបោកអនឡាញភាគច្រើន គឺជាជនបរទេសដែលត្រូវបានគេជួញដូរ និងបង្ខំឱ្យធ្វើការនៅក្នុងបរិវេណទីតាំងដែលមានលក្ខណៈដូចពន្ធនាគារ៕


ប្រភពៈAFP





Powered by Blogger.