គ្រោះមហន្តរាយទឹកជំនន់នៅទីបេនេប៉ាល់និងចិនបានបាត់ខ្លួន កើនឡើងលើស ២៤០០នាក់ ខណៈអ្នកស្លាប់ជិត៦០០នាក់
KCSM2026-08-29 02-08pm
(កដ្ឋមណ្ឌូ)៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសនេប៉ាល់និងចិន កំពុងបន្តស្វះស្វែងរកមនុស្សរាប់ពាន់នាក់ ដែលនៅតែបាត់ខ្លួននាថ្ងៃសៅរ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីលំហូរទឹកជន់លាយឡំជាមួយកម្ទេចកម្ទីដ៏មហិមា ដែលប្រៀបដូចទៅនឹងរលកយក្សស៊ូណាមិ បានហូរបោកបក់កាត់ជ្រលងភ្នំនៃតំបន់ហិមាឡៃ បណ្តាលឱ្យសហគមន៍ជាច្រើន រងការបំផ្លិចបំផ្លាញយ៉ាងហិនហោច។
ចំនួនអ្នកបាត់ខ្លួនសរុប បានកើនឡើងលើស ២៤០០នាក់ កាលពីថ្ងៃសុក្រ ខណៈក្រុមការងារជួយសង្គ្រោះ បាននិយាយថា ពួកគេយកបានសាកសពសរុបចំនួន ៥៨៦នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមួយចំនួនត្រូវបានហូរនាំយកទៅតាមដងទន្លេ រហូតដល់ប្រទេសឥណ្ឌា ថែមទៀតផង។ កាកបាទក្រហមបាននិយាយថា គ្រោះមហន្តរាយដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្កឱ្យមានផលប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សរហូតដល់ ៩៣ ០០០នាក់ អាចរងផលប៉ះពាល់ ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀត។
នៅក្នុងតំបន់មួយ ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗជាច្រើន អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់នេប៉ាល់ បានដាក់បន្ថែមកម្មករវារីអគ្គិសនីចំនួន ៩៣៣នាក់ ទៅក្នុងបញ្ជីអ្នកបាត់ខ្លួន ដែលរួមបញ្ចូលទាំងអ្នកឡើងភ្នំ និងអ្នកធ្វើធម្មយាត្រាទៅកាន់ ភ្នំ Kailash ដ៏ពិសិដ្ឋរបស់ទីបេ រួចស្រាប់ហើយនោះ។ អ្នកដែលបានរួចជីវិតបាននិយាយថា ពួកគេបានបាត់បង់អ្វីៗគ្រប់យ៉ាង ហើយកំពុងប្រឈមនឹងការរង់ចាំយ៉ាងឈឺចាប់ ដើម្បីដឹងពីជោគវាសនារបស់មនុស្សជាទីស្រឡាញ់ដែលបានបាត់ខ្លួន ព្រមទាំងត្រូវប្រឈមនឹង ទិដ្ឋភាពនៃការចាប់ផ្តើមកសាងជីវិតរបស់ពួកគេឡើងវិញ ពីចំណុចសូន្យ។
ប្រទេសនេប៉ាល់ បានរាយការណ៍កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់បានកើនដល់ ៥៧៩នាក់។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ បានប្រាប់ថា មានមនុស្ស ១៩២៤នាក់ ក្នុងនោះរួមមានជនបរទេស ៥១៧នាក់ ដែលមិនអាចទាក់ទងបាន នៅក្នុងប្រទេសរបស់ខ្លួន។ តួលេខអ្នកបាត់ខ្លួន ដែលបានរាយការណ៍ពីមុន គឺមានត្រឹម ៩៧៧នាក់។ ចំណែកនៅប្រទេសឥណ្ឌាឯណោះវិញ អាជ្ញាធរបានឱ្យដឹងថា ពួកគេក៏បានរកឃើញសាកសពមនុស្សចំនួន៧នាក់ ពីទន្លេដែលហូរចេញពីប្រទេសនេប៉ាល់ផងដែរ ហើយជឿថា អ្នកទាំងនោះ គឺជាជនរងគ្រោះនៃមហន្តរាយទឹកជំនន់។
ដោយឡែកនៅម្ខាងទៀតនៃព្រំដែន ក្នុងតំបន់ទីបេ ជាទីដែលអ្នកសារព័ត៌មានបរទេសសឹងតែមិនអាចចូលទៅយកព័ត៌មានបាននោះ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍នាព្រឹកថ្ងៃសៅរ៍នេះថា មនុស្សកើនដល់ត្រឹម៧នាក់បានស្លាប់ និង៥៥៤នាក់ទៀតបាត់ខ្លួន។ អាជ្ញាធរចិន ក៏បាននិយាយថា ពួកគេបានជម្លៀស ភ្ញៀវទេសចរចំនួន៥៥៥នាក់ ដែលជាប់គាំង និងប្រជាជនចិនចំនួន៤៩៩នាក់ ចេញពីតំបន់ទីបេ។
ប្រភពៈAFP




Post a Comment