កម្ទេចរូងក្រោមដីរបស់ក្រុមហេសបូឡា នៅឯតំបន់ Ali al-Taher បង្កការរញ្ជួយដីកម្រិត ៤,១រ៉ិចទ័រ
KCSM2026-09-11 06-06pm
(Reuters)៖ យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធរូងក្រោមដីរបស់ក្រុមហេសបូឡា នៅឯតំបន់ភ្នំ Ali al-Taher ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ជាមួយការអះអាងពីការបង្កើតបានសន្តិសុខយ៉ាងរឹងមាំនៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក Netanyahu និងលោក Israel Katz បានគូសបញ្ជាក់បន្ថែមទៀតថាកងកម្លាំងអ៉ីស្រាអែល នឹងបន្តឈរជើងនៅក្នុងតំបន់ខាងលើ ដើម្បីរារាំងកុំឱ្យក្រុមហេសបូឡាមានអ៉ីរ៉ង់ជាខ្នងបង្អែក ប្រមូលផ្ដុំកម្លាំងឡើងវិញ។ ភ្នំ Ali al-Taher ដែលស្ថិតនៅចម្ងាយ១៥គីឡូម៉ែត្រ ពីព្រំដែនអ៉ីស្រាអែលបានក្លាយជាទីតាំងប្រយុទ្ធគ្នាដ៏សាហាវមួយរវាងអ៉ីស្រាអែល និងហេសបូឡា។ ហេសបូឡាត្រូវបានគេជឿថាបានកសាងទីបញ្ជាការរូងក្រោមដី និងឃ្លាំងស្ដុកអាវុធ នៅក្រោមភ្នំមួយនេះ។
បើតាមទីភ្នាក់ភូគម្ភសាស្ត្រអាមេរិក USGS ការរញ្ជួយដីកម្រិត ៤,១រ៉ិចទ័រ ត្រូវបានរាយការណ៍នៅឯតំបន់ភាគខាងត្បូង នៃប្រទេសលីបង់ បន្ទាប់ពីអ៉ីស្រាអែលបំផ្ទុះកម្ទេច ហេដ្ឋារចនាសម្ព័ន្ធរូងក្រោមដីរបស់ក្រុមហេសបូឡា៕
ប្រភពៈReuters

Post a Comment