តំណាងអយ្យការខេត្តបាត់ដំបង ចោទប្រកាន់នាយកសាលាម្នាក់ ពាក់ព័ន្ធករណីទិញពេ-ស្យាចារកុ-មារ និងរួមភេ-ទជាមួយក្មេ-ងស្រីអាយុ១-២ឆ្នាំ
KCSM2026-09-11 05-56pm
(បាត់ដំបង)៖ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់នាយកសាលាបឋមសិក្សាវត្តកែវម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តលើក្មេងស្រីអាយុ១២ឆ្នាំ ជាច្រើនដង ចាប់ពីអំឡុងខែសីហា ឆ្នាំ២០២៥ រហូតដល់ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែល Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជក់ ហុង ភេទប្រុស កើតឆ្នាំ១៩៦៨ ជានាយកសាលាបឋមសិក្សាវត្តកែវ ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
តាមសេចក្តីប្រកាស ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះឈ្មោះ ឈ.ន.ត អាយុ១២ឆ្នាំ ឲ្យទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដោយប្រាប់ថាទៅនិយាយគ្នាលេង ហើយបានសុំរួមភេទជាមួយក្មេងស្រី។ សកម្មភាពនេះបានកើតឡើងជាបន្តបន្ទាប់ចាប់ពីអំឡុងខែសីហា ឆ្នាំ២០២៥ រហូតដល់ខែកក្កដា ឆ្នាំ២០២៦ ដោយរួមភេទបានសម្រេចជាច្រើនដង និងផ្តល់ប្រាក់ឱ្យក្មេងស្រីក្នុងមួយលើកៗចាប់ពី៤០,០០០រៀល ដល់៥០,០០០រៀល។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រី ស្រាប់តែម្តាយរបស់ក្មេងស្រីមកទាន់ ហើយបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនៅថ្ងៃដដែល។ បន្ទាប់មក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ជក់ ហុង ពីបទ «ទិញពេស្យាចារកុមារ (អាយុក្រោម១៥ឆ្នាំ) និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ» ប្រព្រឹត្តនៅសាលាបឋមសិក្សាវត្តកែវ ក្នុងភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៧៨៣ អយ.ញ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
បទល្មើសខាងលើមានបញ្ញត្តិ និងផ្តន្ទាទោសតាមមាត្រា៣៤ កថាខណ្ឌទី២ និងមាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕


Post a Comment