លោក ត្រាំ និង ពូទីន មានផែនការចង់ចុះកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

KCSM2026-09-10 02-11pm ​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកមានកិច្ចសន្ទនាដ៏អស្ចារ្យមួយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីដើមសប្ដាហ៍នេះ ហើយថាមេដឹកនាំរុស្ស៉ីមានបំណងចុះកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុង Dallas ដើម្បីចូលរួមសន្និបាតជាតិគណបក្សសាធារណរដ្ឋ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) ចង់ចុះកិច្ចព្រមព្រៀង ហើយប្រសិនបើ (លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ) ហ្សេលេនស្គី ចង់ចុះកិច្ចព្រមព្រៀងដែរ នោះវារឿងដ៏ល្អបំផុត»។ លោក ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ភ្លាមៗបន្ទាប់ពីបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared ​Kushner ដែលជាកូនប្រសារប្រុសរបស់លោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ និងទីក្រុងកៀវ។ កាលពីខែសីហា ប្រមុខចារកម្មអាមេរិក CIA លោក John Ratcliffe ក៏បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ផងដែរ ដើម្បីសាកល្បងជំរុញរុស្ស៉ីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកបន្ថែមដោយចង់សំដៅលើលោក ត្រាំ និងលោក ពូទីន ថា «ការពន្យារពេលគឺដោយសារមនុស្ស ២នាក់ស្អប់គ្នាទៅវិញទៅមក»។ ក៏ប៉ុន្តែ បើទោះជាមានកិច្ចប្រឹងប្រែង និងសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ ក៏ដោយ ក៏ក្រុមមន្ត្រីចារកម្មអាមេរិក អ៊ុយក្រែន និងអឺរ៉ុប នៅតែមានការសង្ស័យចំពោះលោក ពូទីន ពីភាពប្រាកដប្រជានៅក្នុងការបិទបញ្ចប់សង្រ្គាមរបស់លោកដែលបានចូលដល់ឆ្នាំទី៤៕ ប្រភពៈReuters
Powered by Blogger.