លោក ដូណាល់ ត្រាំ កំពុងរកកិច្ចចរចាណាមួយ ដើម្បីឆ្ពោះទៅរកទីបញ្ចប់នៃសង្រ្គាមអុីរ៉ង់
KCSM2026-09-17 02-55pm
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកផ្ទាល់សង្ឃឹមថាការបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់កំពុងខិតជិតឈានដល់ ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថារូបលោកមានគម្រោងជួបបណ្ដាមេដឹកនាំនៃក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស នាឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក នៅថ្ងៃអង្គារសប្ដាហ៍ក្រោយដើម្បីពិភាក្សាពីជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា។
ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងចំពេលសង្រ្គាមជាមួយអ៉ីរ៉ង់អូសបន្លាយពេលចូលក្នុងខែទី៧ និងមិនទាន់មានពន្លឺថាសង្រ្គាមនឹងបិទបញ្ចប់ក្នុងពេលឆាប់ខាងមុខនៅឡើយទេ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថាគម្រោងនៃកិច្ចប្រជុំរបស់លោក ត្រាំ ជាមួយក្រុមមេដឹកនាំអារ៉ាប់មកពីបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ក្នុងទីក្រុងញូវយ៉កត្រូវបានរំពឹងថានឹងផ្ដោតលើផែនការរបស់សហរដ្ឋអាមេរិកសម្រាប់យុទ្ធសាស្ត្រនៅក្រោយការបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។
Axios ដោយផ្អែកលើក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាលោក ត្រាំ នឹងជួបពិភាក្សាជាមួយមេដឹកនាំ ឬរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្សរួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន កូវ៉ែត និងអូម៉ង់។ ប៉ុន្តែខាងក្រសួងការបរទេសអាមេរិក និងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេជុំវិញសេចក្ដីរាយការណ៍របស់ Axios។
ព្រមពេលជាមួយគ្នា លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ជាការពិតណាស់ យើងសង្ឃឹមថាកំពុងឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម»។ លោក ត្រាំបន្ថែមថាលោកក៏បានទទួលព័ត៌មានដែរថា អ៉ីរ៉ង់ចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមជាមួយអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈ ដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ លោក ត្រាំ តែងតែបានលើកឡើងម្ដងហើយម្ដងទៀតពីក្ដីសង្ឃឹមថាសង្រ្គាមអ៉ីរ៉ង់នឹងបិទបញ្ចប់ឆាប់ៗ៕
ប្រភពៈReuters

Post a Comment