ប្រមុខការទូតចិនលោក វ៉ាង យី ជំរុញឱ្យអុីរ៉ង់ និងអាមេរិក អត់ធ្មត់ បញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ

KCSM2026-09-17 11-22am (ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកទឹកចិត្តឱ្យប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក រក្សាភាពអត់ធ្មត់ និងវិលត្រឡប់មករកតុចរចាវិញ ព្រមទាំងបានជំរុញឱ្យគ្រប់ភាគីចាត់វិធានការបើកច្រកសមុទ្រ Hormuz ឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីធានាដល់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលសកលលោក។ ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Abbas Araghchi ក្នុងរដ្ឋធានីប៉េកាំង លោក វ៉ាង យី បានបញ្ជាក់ថា ប្រទេសចិនមិនចង់ឃើញភាពតានតឹងរីករាលដាលកាន់តែខ្លាំងទៅកាន់ប្រទេសយេម៉ែន និងសមុទ្រក្រហមនោះឡើយ។ ជាការឆ្លើយតប ប្រមុខការទូតអ៉ីរ៉ង់បានលើកឡើងថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែនៅតែស្វាគមន៍ចំពោះដំណោះស្រាយតាមផ្លូវការទូត។ ជំនួបរវាងប្រមុខការទូតទាំងពីរ ធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលជំនួបកំពូលរវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន។ គួរបញ្ជាក់ថា ប្រទេសចិនគឺជាអ្នកទិញប្រេងធំបំផុតរបស់អ៉ីរ៉ង់ ខណៈដែលការបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz បាននិងកំពុងរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនថាមពលពិភពលោក ហើយទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានការកែទម្រង់រចនាសម្ព័ន្ធសន្តិសុខនៅមជ្ឈិមបូព៌ា ដើម្បីស្តារសន្តិភាព និងស្ថិរភាពយូរអង្វែងឡើងវិញ៕ ប្រភពៈ សុីនហួរ
Powered by Blogger.