ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខាជាផ្លូវការអំពីច្បាប់ដាក់ទណ្ឌកម្មសម្ពាធសេដ្ឋកិច្ចលើរុស្សី

KCSM2026-09-19 05-58pm (វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីឱ្យទៅជាច្បាប់ផ្លូវការ ដែលនេះនឹងត្រួសត្រាយផ្លូវការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ច្បាប់ខាងលើមានគោលដៅលើវិស័យថាមពល និងឧស្សាហកម្មការពារជាតិរបស់រុស្ស៉ី ព្រមទាំងកងនាវាខ្មោចដឹងប្រេងដែលត្រូវបានមូស្គូប្រើប្រាស់ដើម្បីគេចពីទណ្ឌកម្មលោកខាងលិច។ ច្បាប់នេះក៏នឹងផ្ដល់ផងដែរឱ្យលោក ត្រាំ នូវសិទ្ធិអំណាចដំឡើងពន្ធគយដល់ ១០០ភាគរយលើអ្នកទិញប្រេង និងឧស្ម័នដ៏ធំពីរុស្ស៉ី ក្នុងដែលគេដឹងរួមមានចិន និងឥណ្ឌា នៅក្រោមកិច្ចប្រឹងប្រែងកាត់បន្ថយចំណូលកុំឱ្យរុស្ស៉ីយកទៅបំប៉នដល់ការធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី ក្នុងសំឡេងគាំទ្រ ២៦២ ទល់នឹង១៥៩ សំឡេងជំទាស់ ដែលនេះបានផ្ដល់ភ្លើងបៃតងដល់ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមួយប្រឆាំងនឹងរុស្ស៉ី ចាប់តាំងពីលោក ត្រាំត្រឡប់មកកាន់អំណាចឡើងវិញក្នុងអាណត្តិទី២។ ច្បាប់នេះដែរត្រូវបាន ព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង១១សំឡេងជំទាស់កាលពីខែសីហាកន្លងទៅ៕ ប្រភពៈReuters
Powered by Blogger.