ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា៖ ការពង្រឹងការងារមូលដ្ឋាន គឺជាកត្តាគន្លឹះឆ្ពោះទៅរកជ័យជំនះក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ
KCSM2026-09-20 03-18pm
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ក្នុងក្រុងក្រចេះ ដោយផ្តោតលើការពង្រឹងការងារនៅមូលដ្ឋាន និងការត្រៀមខ្លួនរបស់បេក្ខជនសម្រាប់ការបោះឆ្នោត។
ជំនួបសំណេះសំណាលនេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង និងសង្កាត់ ប្រមាណជាង ២០០នាក់។
ប្រធានក្រុមការងារ បានលើកឡើងថា ការជួបជុំគ្នានាឱកាសនេះ គឺដើម្បីពង្រឹងការងាររបស់គណបក្សនៅមូលដ្ឋាន ព្រមទាំងជំរុញឱ្យបេក្ខជនត្រៀមខ្លួនឱ្យបានល្អ ស្គាល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦។
ជាមួយគ្នានេះ ការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សមកពីថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង និងសង្កាត់ ក៏ជាផ្នែកមួយនៃការពង្រឹងការសម្របសម្រួល និងការអនុវត្តការងាររបស់គណបក្សនៅមូលដ្ឋាន ឱ្យកាន់តែមានការរៀបចំ និងស្របតាមដំណើរការត្រៀមរៀបចំការបោះឆ្នោត។
ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក និងសមាជិកា ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានស្នើដល់ក្រុមការងារទាំងអស់ បន្តសកម្មភាពរបស់ខ្លួនក្នុងការបំពេញភារកិច្ចដែលគណបក្សបានប្រគល់ជូន និងបន្តចុះទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់ឱ្យបាននូវសភាពការណ៍ បញ្ហាប្រឈម មតិយោបល់ សំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា។
ប្រធានប្រធានក្រុមការងារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សមាជិកសមាជិកា ទាំងអស់នឹងងបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះ។










Post a Comment