សហរដ្ឋអាមេរិកអនុម័តគម្រោងលក់សម្ភារការពារដែនអាកាស ក្នុងតម្លៃជិត២,៧ពាន់លានដុល្លារទៅដល់អ៊ុយក្រែន

KCSM2026-09-20 03-21pm (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ បានអនុម័តការលក់សម្ភារការពារដែនអាកាស ដែលមានតម្លៃប្រមាណជិត ២,៧ ពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការគាំទ្របន្ថែមដល់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំទិញសម្ភារៈដែលរួមមានមីស៊ីលជាច្រើនប្រភេទ ប្រព័ន្ធសម្រាប់បាញ់មីស៊ីល និងរ៉ាដាប្រឆាំងដ្រូន។ ក្រសួងការបរទេសអាមេរិក បាននិយាយថា «ប្រសិនបើគម្រោងលក់នេះសម្រេចទៅជាស្ថាពរ អ៊ុយក្រែនទិញដោយប្រើការរួមបញ្ចូលគ្នា រវាងថវិកាបានមកពីបណ្តាប្រទេសអឺរ៉ុប ព្រមទាំងកម្ចីនិងជំនួយបានពីអាមេរិក ដែលត្រូវបានអនុម័តក្នុងអំឡុងរដ្ឋបាលមុន»។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅខែនេះថា លោកនឹងស្នើឱ្យប្រទេសអឺរ៉ុបសងថ្លៃជំនួយដែលអាមេរិកបានផ្តល់ដល់អ៊ុយក្រែន កាលពីអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន។ លោក ត្រាំបានទាមទារជាយូរមកហើយឱ្យបណ្តាប្រទេសអឺរ៉ុប ទទួលបន្ទុកចំណាយធំជាងមុនសម្រាប់ការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន។ សំណើលក់បរិក្ខារយោធាខាងលើ ដែលក្រសួងការបរទេសអាមេរិក ប៉ាន់ប្រមាណថាមានតម្លៃ ២,៦៨ ពាន់លានដុល្លារ បានកើតឡើងស្របពេលដែល លោក ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្មថ្មីបន្ថែម ក្នុងគោលដៅបង្កើនសម្ពាធលើរុស្ស៊ី។ គួរបញ្ជាក់ថា រដ្ឋធានីកៀវរបស់អ៊ុយក្រែន បានរងការវាយប្រហារពីរុស្ស៊ីកាន់តែខ្លាំងឡើង ខណៈប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងជួបការលំបាកក្នុងការទប់ស្កាត់ការវាយប្រហារ ដោយសារខ្វះខាតគ្រាប់មីស៉ីលបាញ់ស្ទាក់។ ដោយឡែក សង្គ្រាមនៅមជ្ឈិមបូព៌ា ក៏បានបង្កការរាំងស្ទះដល់កិច្ចប្រឹងប្រែងចរចា ដែលសម្របសម្រួលដោយអាមេរិក ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនផងដែរ ដោយសារវាបានប្រើប្រាស់ពេលវេលា និងគ្រាប់អាវុធជាច្រើនរបស់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែសូម្បីតែមុនពេលសង្គ្រាមនៅមជ្ឈិមបូព៌ា ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំនេះទៅទៀត គឺរុស្ស៊ីនិងអ៊ុយក្រែន នៅមានការខ្វែងគំនិតគ្នាខ្លាំងលើបញ្ហាចម្បង គឺរឿងទឹកដី។ អ៊ុយក្រែនបានស្នើឱ្យបង្កកជម្លោះត្រឹមខ្សែបន្ទាត់សមរភូមិមុខបច្ចុប្បន្ន។ ប៉ុន្តែរុស្ស៊ីបានបដិសេធ ដោយទាមទារកាន់កាប់តំបន់ Donetsk ទាំងមូល ទោះបីផ្នែកមួយចំនួននៅស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនក៏ដោយ។ ទីក្រុងកៀវបាននិយាយថា ការទាមទារនេះមិនអាចទទួលយកបានដាច់ខាត៕ ប្រភពៈAFP
Powered by Blogger.