អុីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
KCSM2026-09-21 12-13pm
(ឌូបៃ)៖ ប្រទេសអុីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់នៅថ្ងៃអាទិត្យនេះ ប្រឆាំងនឹងការបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីណាមួយពីសំណាក់សហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្ត ដោយអះអាងថាខ្លួនទទួលបានព័ត៌មានសម្ងាត់ថាសកម្មភាពបែបនេះកំពុងត្រូវបានរៀបចំឡើង ហើយបានព្រមានថានឹងវាយបកលើមូលដ្ឋានទ័ព និងផលប្រយោជន៍អាមេរិកទាំងអស់ក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦។ល
បញ្ជាការដ្ឋានកងទ័ពកណ្តាលរបស់អ៉ីរ៉ង់ បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា រាល់ការវាយប្រហារថ្មីណាមួយ នឹងត្រូវប្រឈមមុខនឹងការសងសឹកជាបន្តបន្ទាប់ឥតឈប់ឈរមកលើមូលដ្ឋានទ័ព និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយបណ្តាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ ក៏នឹងត្រូវចាត់ទុកថាជាភាគីនៃជម្លោះនេះដូចគ្នា។ ការព្រមាននេះ ធ្វើឡើងស្របពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញការប្រកាសអាសន្នសន្តិសុខកាលពីថ្ងៃសៅរ៍ ដោយព្រមានអំពីលទ្ធភាពនៃការកើនឡើងកម្តៅដែលមិនអាចស្មានទុកជាមុនបាននៅតំបន់មជ្ឈិមបូព៌ា និងបានណែនាំឱ្យពលរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្នខ្ពស់។
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលបានឈានចូលដល់ខែទីប្រាំពីរ បានបន្តរីករាលដាលទៅជាវិបត្តិផ្សេងៗទៀតនៅទូទាំងតំបន់ ដោយកាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន ដែលមានខ្នងបង្អែកពីអ៉ីរ៉ង់ បានអះអាងថាខ្លួនបានបើកការវាយប្រហារដោយដ្រូន និងមីស៊ីលលើរដ្ឋធានីរីយ៉ាដ និងរោងចក្រប្រេងដ៏ធំមួយនៅកំពង់ផែ Yanbu នៃប្រទេសអារ៉ាប៊ីសាអូឌីត បង្កឱ្យមានផ្សែងខ្មៅហុយទ្រលោមនៅក្បែរព្រលានយន្តហោះអន្តរជាតិសំខាន់របស់ទីក្រុងរីយ៉ាដ។
គួរបញ្ជាក់ថា ការបង្កើនការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូទី បានរុញច្រានឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លំបាកក្នុងការសម្រេចចិត្ត ថាតើត្រូវបន្តការវាយប្រហារតាមផ្លូវអាកាសដើម្បីទប់ស្កាត់ការដណ្តើមកាន់កាប់ទឹកដីរបស់ក្រុមហ៊ូទី ឬត្រូវដកថយមួយជំហានដើម្បីបញ្ចៀសការវាយប្រហារដោយដ្រូនមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់ខ្លួន ខណៈដែលទីផ្សារប្រេងពិភពលោកកំពុងបន្តរងសម្ពាធយ៉ាងធ្ងន់ធ្ងរ៕

Post a Comment