នៅសល់តែ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !

KCSM2026-09-21 11-54am (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ ពោលសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃឱសានវាទដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ នឹងមកដល់ ដែលស្របតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ដោយសេចក្តីណែនាំនោះ បានតម្រូវឱ្យ សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជន អនុវត្តដូចខាងក្រោម៖ ១. ការបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ * បញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬ មិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ យ្យូអកូដ (QR CODE) និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។ * មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយឥតគិតថ្លៃ។ * គ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ ទិញ នាំចូល ផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។ ២. ការអនុញ្ញាតលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) * អនុញ្ញាតឱ្យមានការជំរុញ និងលើកទឹកចិត្តផ្នែកពាណិជ្ជកម្ម តាមរយៈការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) ដោយកំណត់មិនឱ្យលើសពី ១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ និងមិនត្រូវលើសពី ២៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ ចំពោះផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃផុតកំណត់ ដោយត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុន ។ ៣. អត្ថប្រយោជន៍ផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ * អនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែមអត្ថប្រយោជន៍ផ្សេងៗ ជាទំនិញ ឬសេវាផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ជាអាទិ៍មាន កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ជាដើម ដែលមានតម្លៃ មិនលើសពី ៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យសហគ្រាស ផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជន នឹងចូលរួម អនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលជំរុញឱ្យអនុវត្តការបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្នើឱ្យទប់ស្កាត់ការលក់បង្ខូចថ្លៃ ដែលនាំឱ្យមានការទម្លាក់គុណភាពផលិតផល ប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់។ លោកបណ្ឌិតបន្ថែមថា ​«ខ្ញុំស្នើថា រាជរដ្ឋាភិបាលគួរតែមានសេចក្តីសម្រេចណាមួយ ដែលមានទម្ងន់ជាងសេចក្តីណែនាំ ព្រោះសេចក្តីណែនាំមិនមានការដាក់ពិន័យនោះទេ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម។ ដូច្នេះត្រូវទាមទារឱ្យមានការដាក់ពិន័យ ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលមិនគោរពតាម ទើបមានប្រសិទ្ធភាព»។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ​នេះ។ លោកថា «ការប្រកួតប្រជែង យើងទាមទារឱ្យអនុលោមតាមច្បាប់ដោយតម្លាភាព ជៀសវាងការប្រកួតប្រជែងមិនស្មើភាព ធ្វើឱ្យភាគីម្ខាងទៀតដួលរលំ ដើម្បីការពារអ្នកវិនិយោគទាំងក្នុងស្រុក ពិសេសអ្នកវិនិយោគមកពីក្រៅប្រទេស ដែលគេខ្លាចបំផុតការប្រកួតប្រជែងមិនស្មើភាពនេះឯង»
Powered by Blogger.