សារព័ត៌មាន CNN MS NOW និង Politico ត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មាននៅសេតវិមានឡើងវិញ តាមបញ្ជាចៅក្រម


KCSM2026-09-25 03-11pm


(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក CNN MS NOW និង Politico ត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មានឡើងវិញក្នុងសេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ៦ថ្ងៃបន្ទាប់ពីត្រូវបានហាមឃាត់ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយការអនុញ្ញាតនេះដែរធ្វើឡើងតាមបញ្ជារបស់ចៅក្រមសហព័ន្ធម្នាក់។


ចៅក្រមសហព័ន្ធ លោក Timothy Kelly បានសម្រេចថាការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានទាំង៣ ចូលយកព័ត៌មាននៅសេតវិមាន បានបំពានលើសិទ្ធិរបស់ពួកគេដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ អ្នកយកព័ត៌មានមកពី CNN MS NOW និង Politico បានព្យាយាមត្រឡប់ចូលទៅយកព័ត៌មាននៅសេតវិមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ប៉ុន្តែពួកគេត្រូវបានរារាំងដោយកងអង្គរក្សប្រធានាធិបតីអាមេរិក ហើយមួយសន្ទុះក្រោយមកទើបពួកគេត្រូវបានអនុញ្ញាតចូលក្នុងសេតវិមាន។


ក៏ប៉ុន្តែទោះជាទទួលបានសិទ្ធិចូលយកព័ត៌មានក្នុងសេតវិមានឡើងវិញក៏ដោយ ក៏សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាសេតវិមានមិនបានអនុញ្ញាឱ្យអ្នកយកព័ត៌មានរបស់ខ្លួន ២រូប ចូលទៅរាយការណ៍ព័ត៌មានពីដំណើរមកដល់របស់លោក ស៊ី ជីនពីង ដើម្បីចូលរួមពិធីលៀងសាយភោជនថ្នាក់រដ្ឋនោះទេ។ ចំណែក អ្នកយកព័ត៌មានមកពី MS NOW ក៏ត្រូវបានហាមឃាត់ដូចគ្នានេះដែរ។


គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលមិនសូវស៊ីខ្សែគ្នាជាមួយសារព័ត៌មាន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានហាមឃាត់មិនឱ្យ CNN, MS NOW និង Politico ចូលយកព័ត៌មានក្នុងសេតវិមាននោះទេ ដោយចោទស្ថាប័នព័ត៌មានទាំងនេះថាជាព័ត៌មានក្លែងក្លាយ fake news ដោយសារតែចូលចិត្តចុះផ្សាយព័ត៌មានដែលលោកអះអាងថាភូតកុហកពាក់ព័ន្ធនឹងរូបលោក។


ប្រភពៈAFP




Powered by Blogger.