ប៉ាគីស្ថានបើកការវាយប្រហារតាមអាកាសជាថ្មីទៀតលើអាហ្វហ្កានីស្ថាន ឆ្លើយតបការវាយប្រហារដោយដ្រូន
KCSM2026-09-24 08-18pm
(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីព័ត៌មាននៃប្រទេសប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ថា ប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាស លើទីតាំងចំនួន១០ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលខ្លួនអះអាងថា ជាកន្លែងសម្រាប់បាញ់បង្ហោះនិងរក្សាទុកដ្រូន ហើយដ្រូនមួយចំនួនក្នុងចំណោមនោះ ត្រូវបានប្រើប្រាស់វាយប្រហារលើប៉ាគីស្ថាន កាលពីមួយថ្ងៃមុន។
ការវាយប្រហារថ្មីនេះកើតឡើង ខណៈភាពតានតឹងបានកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ដែលទាស់ទែងគ្នាជាយូរមកហើយ ជុំវិញការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយម និងដែលបានបង្កឱ្យផ្ទុះការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរ គិតក្នុងរយៈពេលជាច្រើនឆ្នាំមក កាលពីខែកុម្ភៈ។ រដ្ឋាភិបាលទីក្រុងអ៉ីស្លាម៉ាបាដ ចោទប្រកាន់ទីក្រុងកាប៊ុលថា ផ្តល់ទីជម្រកដល់ ក្រុមសកម្មប្រយុទ្ធដែលធ្វើសកម្មភាពវាយប្រហារឆ្លងព្រំដែន ខណៈរដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថានបដិសេធថា ខ្លួនមិនបានផ្តល់ទីជម្រកដល់ ក្រុមបះបោរប្រឆាំងប៉ាគីស្ថានឡើយ និងនិយាយថា បញ្ហានេះគឺជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថាន។
លោក Tarar បានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់ប៉ាគីស្ថាន បានប្រទះឃើញយន្តហោះដ្រូនដែលបាញ់ចេញមកពីទឹកដីអាហ្វហ្កានីស្ថាន កាលពីថ្ងៃពុធ ហើយដ្រូនទាំងនោះ ត្រូវបានតាមដាន និងកម្ទេចចោល មុនពេលពួកវាអាចទៅដល់ គោលដៅដែលបានកំណត់។ បន្ទាប់មក ប៉ាគីស្ថានក៏បានបើកការវាយប្រហារតាមអាកាស និងដោយដ្រូនយ៉ាងជាក់លាក់ ទៅលើទីតាំងចំនួន១០កន្លែង នៅអាហ្វហ្កានីស្ថាន។ លោកបានបន្ថែមថា សកម្មភាពបង្កហេតុបន្ថែមទៀតណាមួយ របស់តាលីបង់អាហ្វហ្កានីស្ថាន នឹងត្រូវបានឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត។
គួរបញ្ជាក់ថា ការវាយប្រហារលើទីតាំងប៉ូលិសមួយកន្លែង នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុន ដែលបានសម្លាប់ មនុស្សយ៉ាងហោច ២៤នាក់ បានធ្វើឱ្យការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរផ្ទុះឡើងវិញ បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលជិត ៣ខែ។ រដ្ឋាភិបាលប៉ាគីស្ថាន កាលពីដើមសប្តាហ៍នេះ ក៏បានឱ្យដឹងដែរថា ខ្លួនបានបើកការវាយប្រហារតាមអាកាស នៅតំបន់ព្រំដែនអាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន ដោយបានសម្លាប់ជនសកម្មប្រយុទ្ធ ២៨នាក់ ខណៈមន្ត្រីតាលីបង់អាហ្វហ្កានីស្ថាន ចោទប្រកាន់ទីក្រុងអ៉ីស្លាម៉ាបាដថា បានសម្លាប់ជនស៊ីវិល៣នាក់ ក្នុងការវាយប្រហារតាមអាកាសនាពេលនោះ លើទឹកដីអាហ្វហ្កានីស្ថាន។
ទោះជាយ៉ាងណា ឧបទ្ទវហេតុដ៏អាក្រក់ជាងគេបង្អស់ បានកើតឡើងកាលពីខែមីនា ឆ្នាំនេះ នៅពេលមនុស្សសរុបរហូតដល់ជាង ៤០០នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើទីក្រុងកាប៊ុល។ រដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន បាននិយាយថា ការវាយប្រហារនោះ បានត្រូវចំលើមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែង៕
ប្រភពៈReuters


Post a Comment