នគរបាលចាប់ខ្លួនម្ចាស់គណនី «បងទ្រៀងឯកា» ដែលថតវីដេអូប៉ះពាល់ដល់កិត្តិយស និងតម្លៃស្ដ្រីខ្មែរ នៅស្រុកពញាឭ


KCSM2026-10-11 06-28pm


(កណ្ដាល)៖ បុរសជាអ្នកលក់គ្រឿងសមុទ្រ ថត Zoom វីដេអូ មើលដើមទ្រូងស្រ្តីម្នាក់ជាអ្នកទិញគ្រឿងសមុទ្រ យកទៅបង្ហោះក្នុងTikTok របស់ខ្លួនឈ្មោះ បងទ្រៀងឯកា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល។


ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក​ ដួង​ តេង​ អធិការនគរបាលស្រុកពញាឮ​ បានបញ្ជាឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនបុគ្គលខាងលើ មកបន្តអនុវត្តនីតិវិធី។


នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ស៊ុំ ចាន់ទ្រា បានឆ្លើយសារភាពថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ រូបខ្លួន បានទៅលក់គ្រឿងសមុទ្រមុខរោងចក្រស៊ីឃ្លូ នៅខេត្តកំពង់ស្ពឺ ក្នុងពេលនោះរូបខ្លួនបានយកទូរស័ព្ទរបស់ខ្លួនថតជាវីដេអូបង្ហោះក្នុងគណនី TIKTOK របស់ខ្លួន ផ្សព្វផ្សាយលក់គ្រឿងសមុទ្រ ហើយពេលនោះរូបខ្លួន បានថត Zoom ទៅមើលដើមទ្រូងស្ត្រីម្នាក់ ដែលបានអោនទិញគ្រឿងសមុទ្ររបស់ខ្លួន។


បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។


ជាមួយគ្នានេះ​ ក្នុងនាមអធិការដ្ឋាននគរបាលស្រុកពញាឮ​ ក៏សូមអំពាវនាវដល់សាធារណៈជន​ និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម​ បញ្ឈប់ការចែកចាយវីដេអូបន្ត​ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី៕






Powered by Blogger.