អាល្លឺម៉ង់ ប្រកាសបន្តគាំទ្រលោក ហ្សេលេនស្គី ក្រោយលោក ត្រាំ ទាមទារឱ្យដកតំណែង


KCSM2026-10-13 08-56pm


(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul នៅថ្ងៃអាទិត្យ បានប្រកាសជាថ្មីពីការគាំទ្រយ៉ាងរឹងមាំរបស់ក្រុងប៊ែរឡាំង ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យផ្លាស់ប្តូររូបលោកចេញពីតំណែង ព្រមទាំងបានជំរុញឱ្យបង្កើនសម្ពាធបន្ថែមលើរុស្ស៊ី ដើម្បីបើកកិច្ចចរចាសន្តិភាពឡើងវិញ។ 


ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សកាន់អំណាច CDU របស់អធិការបតី លោក Friedrich Merz លោក Wadephul បានបញ្ជាក់ថា អាល្លឺម៉ង់នៅតែបន្តឈរនៅក្បែរអ៊ុយក្រែន និងរដ្ឋាភិបាលក្រុងកៀវ «ព្រមទាំងគាំទ្រលោកប្រធានាធិបតីយ៉ាងពេញទំហឹង ក្នុងការបំពេញភារកិច្ចដ៏លំបាកនេះ»។ ជំហរនេះ បានបង្ហាញពីភាពប្រេះឆាកាន់តែខ្លាំងឡើងរវាងក្រុងប៊ែរឡាំង និងវ៉ាស៊ីនតោន បន្ទាប់ពីលោក ត្រាំ បានទាមទារឱ្យអ៊ុយក្រែនរកមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី និងបានរិះគន់ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ី។


អាល្លឺម៉ង់ ដែលជាប្រទេសផ្ដល់ជំនួយធំបំផុតនៅអឺរ៉ុបដល់អ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបន្តអនុវត្តទណ្ឌកម្មលើរុស្ស៊ីដដែល បើទោះបីជារដ្ឋបាលលោក ត្រាំ បានប្រកាសផ្អាកទណ្ឌកម្មលើប្រេងឥន្ធនៈរុស្ស៊ីជាបណ្តោះអាសន្នក៏ដោយ។ លោក Wadephul បានសង្កត់ធ្ងន់ថា៖ «យើងមិនត្រូវបន្ថយសម្ពាធទេ ផ្ទុយទៅវិញ គឺត្រូវបង្កើនសម្ពាធលើលោក ពូទីន បន្ថែមទៀត ដើម្បីបង្ខំឱ្យលោកព្រមចូលតុចរចា»។


ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ដោយបានធានាអះអាងថាក្រុងឡុងដ៍ នឹងបន្តរឹតបន្តឹងទណ្ឌកម្មលើប្រទេសរុស្ស៊ីបន្ថែមទៀតផងដែរ៕

ប្រភពៈReuters




Powered by Blogger.