KCSM2026-10-13 08-52pm


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យនេះ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៅវិញទៅមក។


នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរបញ្ជាក់ថា «មានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ បទឈប់បាញ់លើវិស័យថាមពល (ENERGY CEASEFIRE) ត្រូវចូលជាធរមានក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ភាគីទាំងពីរបានយល់ព្រមហើយ។ កុំបំពានវាឱ្យសោះ!»។ យ៉ាងណាក្ដី គេមិនទាន់ឃើញមានការបញ្ជាក់ជាផ្លូវការភ្លាមៗពីរដ្ឋាភិបាលអ៊ុយក្រែន ឬរុស្ស៊ី ជុំវិញកិច្ចព្រមព្រៀងនេះនៅឡើយទេ។


ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) កាលពីព្រឹកថ្ងៃអាទិត្យ បានលើកឡើងជាថ្មីថា អ៊ុយក្រែនត្រៀមខ្លួនបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ប្រសិនបើក្រុងមូស្គូព្រមបញ្ឈប់ការវាយប្រហារលើបណ្តាញថាមពលរបស់អ៊ុយក្រែនវិញ។




ការលើកឡើងរបស់មេដឹកនាំទាំងពីរ កើតមានឡើងចំពេលដែលទំនាក់ទំនងរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី កំពុងមានភាពតានតឹងដាក់គ្នា ក្រោយពេលប្រធានាធិបតីអ៊ុយក្រែនបានចេញមុខរិះគន់ចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលបានបន្ធូរបន្ថយទណ្ឌកម្មបណ្តោះអាសន្នលើប្រេងម៉ាស៊ូតរបស់រុស្ស៊ី៕


Powered by Blogger.