កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិកជុំវិញការលក់អាវុធឱ្យតៃវ៉ាន់
KCSM2026-10-07 04-36pm
(សេអ៊ូល)៖ កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិកជុំវិញការលក់អាវុធ និងការគាំទ្រផ្នែកយោធាសម្រាប់តៃវ៉ាន់ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងដុតបញ្ឆេះភាពតានតឹននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
KCNA នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានចេញផ្សាយបទអត្ថាធិប្បាយមួយរបស់អ្នកវិភាគកូរ៉េខាងជើងម្នាក់ឈ្មោះ Kim Myong Chol ដែលបាននិយាយថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់បាន និងកំពុងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បទអត្ថាធិប្បាយនេះក៏បានថ្កោលទោសផងដែរការលក់យន្ដហោះចម្បាំងរបស់អាមេរិកទៅឱ្យតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកគួរតែគិតឱ្យបាន២ដងថាតើបានត្រៀមខ្លួនរួចហើយឬនៅ ក្នុងការប្រឈមមុខជាមួយមហាអំណាចដូចជាចិនពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់ ហើយថាតើខ្លួនអាចដោះស្រាយផលវិបាកដែលអាចកើតឡើងបានឬក៏យ៉ាងណា?
គួរបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិក F-16V Block 70 ស៊េរីថ្មីចំនួន ២គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុប ៦៦គ្រឿងកាលពីឆ្នាំ ២០១៩ បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនខែ។ នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៨ ពាន់លានដុល្លារ ជាកិច្ចព្រមព្រៀងមួយនឹងធ្វើឱ្យចំនួនយន្តហោះ F-16 ដែលតៃវ៉ាន់មានសរុប កើនឡើងដល់ជាង ២០០គ្រឿង។ ប៉ុន្តែបញ្ហាផ្សេងៗ រួមទាំងបញ្ហាផ្នែក software បានធ្វើឱ្យការដឹកជញ្ជូនយន្តហោះទាំងនេះ មានភាពយឺតយ៉ាវ៕
ប្រភពៈReuters


Post a Comment