ប្រធានាធិបតីបារាំងលោក Macron ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈបារាំងកំពុងវាយតម្លៃពីទំហំខូចខាតក្នុងបាតុកម្មដ៏ចលាចល
KCSM2026-10-19 12-47pm
(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ មួយថ្ងៃបន្ទាប់ពីបារាំងបានពើបប្រទះនឹងថ្ងៃដ៏អាក្រក់មួយនៃភាពចលាចល ដោយមានមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ហាងទំនិញជាច្រើនរងការខូចខាត និងត្រូវបានជនឆ្លៀតឱកាសចូលលួច អំឡុងបាតុកម្មតវ៉ាប្រឆាំងនឹងការកើនឡើងការចំណាយក្នុងការរស់នៅប្រចាំថ្ងៃ និងការថយចុះសេវាសាធារណៈ។
ការប៉ះទង្គិចគ្នា និងអំពើហិង្សាបានកើតឡើងគួរឱ្យកត់សម្គាល់ក្នុងទីក្រុង ប៉ារីស Marseille ជាទីដែលប៉ូលិសប្រឆាំងកុបកម្មបានព្យាយាមរារាំងការប៉ុនប៉ងចូលលួចរបស់របរក្នុងហាងទំនិញ។ បាតុកម្មតវ៉ាបានប្រែក្លាយទៅជាកុបកម្មនៅតាមទីក្រុងជាច្រើនរបស់បារាំងកាលពីថ្ងៃសៅរ៍កន្លងទៅ រហូតដល់ឈានដល់ការដុតបំផ្លាញទ្រព្យសម្បត្តិ និងលួច។ «ក្រឡេកមើលរូបភាពទាំងនេះចុះ យើងទាំងអស់គួរតែចោទសួរខ្លួនឯងថាតើពួកគេកំពុងគិតអ្វី? តើប្រជាជនបារាំងអាចធ្វើបែបនេះដាក់ប្រទេសបារាំងទៅរួច?»។ នេះជាការគូសបញ្ជាក់របស់លោក Macron នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍។
លោកបន្តថាគ្មានអ្វីយកមកធ្វើជាហេតុផល ឬលេសដើម្បីប្រព្រឹត្តអំពើហិង្សានោះទេ ហើយថាអ្នកដែលធ្វើបាតុកម្មតវ៉ាដោយសន្តិវិធីមិនមានបញ្ហាអ្វីចោទទេ ហើយសកម្មភាពរបស់ពួកគេក៏មិនគួរត្រូវបានយកទៅពាក់ព័ន្ធនឹងអ្នកដែលមានចេតនាបង្កចលាចលនោះដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរបារាំង បាតុករម្នាក់បានស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រោយគាំងបេះដូងអំឡុងបាតុកម្មក្នុងទីក្រុងប៉ារីស។ ចំណែក មនុស្ស ២៤០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ខណៈប៉ូលិសជិត ១០០០នាក់បានរងរបួស ហើយរដ្ឋាភិបាលកំពុងវាយតម្លៃ ពីទំហំខូចខាត៕
ប្រភពៈReuters






Post a Comment